Tuesday, April 25, 2017

ដំណឹងក្តៅ! ដំណឹងក្តៅ! ទីបំផុត «នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson!

Posted by Khmer Herald  |  at  11:24 AM
loading...

ដំណឹងអន្តរជាតិ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលចតនៅ​កូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ ក្នុងទម្រង់ជាការបង្ហាញសាច់ដុំ​​មួយ​ផ្សេងទៀត នៅចំពោះមុខក្តីព្រួយបារម្ភ​កាន់តែខ្លាំងទៅៗដែលថា កូរ៉េខាងជើងប្រហែលជានឹងអបអរគំរប់ខួប នៃថ្ងៃបង្កើតកម្លាំងយោធារបស់​ខ្លួន នៅថ្ងៃអង្គារ ទី២៥ ខែមេសា នេះតែម្តងជាមួយការបាញ់មីស៊ីលសាកល្បង ឬមួយក៏ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ ដោយមិនខ្វល់ពីការ​ដាក់សម្ពាធរបស់អន្តរជាតិ​នោះ​ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ការចូលចត​នៃនាវាមុជទឹកអាមេរិក​មានឈ្មោះថា Michigan ដែលត្រូវបាន​ប្រកាសឲ្យដឹងដោយ​យោធា​សហរដ្ឋអាមេរិក ប្រចាំនៅ​ប្រទេស​​កូរ៉េ​ខាងត្បូង ធ្វើឡើងស្របពេល​ដែលមន្រ្តីបេសកជន​នុយក្លេអ៊ែរមកពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គ្រោងនឹងចូលរួម​កិច្ចប្រជុំជាមួយគ្នា​​នៅឯទីក្រុងតូក្យូ ដើម្បីពិគ្រោះ​ពិភាក្សា​អំពីវិធានការ​ឆ្លើយតប ចំពោះការបដិសេធ​យ៉ាងរឹងទទឹង​របស់កូរ៉េខាងជើង ក្នុងការមិន​បោះបង់ចោល​​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន។

គួរបញ្ជាក់ថា USS Michigan គឺជានាវាមុជទឹក​ដែលដំណើរការដោយ​ថាមពលនុយក្លេអ៊ែរ ត្រូវបានសាងសង់ក៏ដូចជារចនាឡើង ដើម្បីផ្ទុក​គ្រាប់​មីស៊ីលផ្លោងប្រភេទ SLBM (បាញ់ចេញ​ពីនាវាមុជទឹក) និងគ្រាប់មីស៊ីល Tomahawk ជាប្រភេទ Cruise មីស៊ីល ដែល​​អាមេរិក​បាន​ប្រើ​ប្រាស់​​ក្នុង​​​ការវាយប្រហារ​ទៅលើមូលដ្ឋានទ័ពជើងអាកាស​របស់រដ្ឋាភិបាលស៊ីរី កាលពីប៉ុន្មានសប្តាហ៍​កន្លងទៅនេះ៕

នាវាមុជទឹក USS Michigan
នាវាដឹកយន្តហោះចម្បាំង Carl Vinson

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top