Friday, April 21, 2017

នាវាចម្បាំងបំពាក់គ្រាប់មីស៊ីលរុស្ស៊ី បានមកដល់ហ្វីលីពីនហើយ!!!!

Posted by Khmer Herald  |  at  10:30 AM
loading...

ដំណឹងអន្តរជាតិ៖ កងនាវាចម្បាំងរុស្ស៊ី បានធ្វើដំណើរមកដល់ប្រទេសហ្វីលីពីនហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយយោធាហ្វីលីពីន នៅក្នុងក្របខណ្ឌនៃការពង្រឹងចំណងមិត្តភាព ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ ស្របពេលដែលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ បាន ប្ដូរគោលនយោបាយស្ទើរតែ១៨០ដឺក្រេ ចំពោះសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

យោងតាម​មេបញ្ជាការយោធា​រុស្ស៊ីលោក Alexsei Ulyanenko នាវាចម្បាំង​បំពាក់គ្រាប់​មីស៊ីល Varyag អមដំណើរ​ដោយនាវាដឹក​ប្រេង Pechenge បានដល់​ហ្វីលីពីន ដើម្បីបំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល​០៤ថ្ងៃ ក៏ដូចជាជួយ​បណ្ដុះបណ្ដាល​កងនាវា​ហ្វីលីពីន ដែលនេះគឺ​ជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែង​របស់ទីក្រុងម៉ូស្គូ ក្នុងការចូលរួម​ចំណែក ពង្រឹង​ទំនាក់ទំនង​ជាមួយទីក្រុងម៉ានីល និងរក្សាស្ថេរភាព​នៅក្នុងតំបន់។

ក៏ប៉ុន្តែ​សកម្មភាព​បែបនេះ ត្រូវបាន​គេមើលឃើញ​ថា ទីក្រុងម៉ូស្គូ​កំពុងក្ដាប់យក​ឱកាសនេះ​ពង្រីកឥទ្ធិពល​របស់ខ្លួននៅក្នុងតំបន់ តាមរយៈការ​ផ្សាភ្ជាប់ទំនាក់ទំនង​នឹងទីក្រុង​ម៉ានីល ខណៈលោក ឌូតើតេ ធ្លាប់បាន​បង្ហាញជា​ច្រើនដង​ពីចេតនា ចង់ផ្ដាច់ទំនាក់​ទំនង​យោធា ជាមួយ​សហរដ្ឋអាមេរិក ហើយងាក​ទៅរកចិន និងរុស្ស៊ី ដែលជា​សត្រូវយុទ្ធសាស្ត្រ​ដ៏ធំបំផុតរបស់​ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ឌូតើតេ នឹងបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុងមូស្គូ នៅខែឧសភាក្រោយនេះ ជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងពង្រឹង​ទំនាក់ទំនងយោធា រវាងប្រទេស​ទំាងពីរ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top