Friday, April 21, 2017

អង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងខ្លាំងសារជាថ្មី ទៅលើកូរ៉េខាងជើង

Posted by Khmer Herald  |  at  1:00 PM
loading...

ដំណឹងអន្តរជាតិ៖ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ (យូអិន) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើតេស្ដក្បាលគ្រាប់មីស៊ីលលើកចុងក្រោយ របស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង និងព្រមានដាក់ទណ្ឌកម្មថ្មីជាច្រើនទៀតប្រឆាំងនឹងក្រុងព្យុងយ៉ាង សម្រាប់ឥរិយាបថបង្កជម្លោះបណ្ដាលឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងនោះដែរ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ ក៏បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្ដីថ្លែងការណ៍ ព័ត៌មានថ្កោលទោសប្រទេសផ្ដាច់ការកូរ៉េខាងជើង ពីការធ្វើតេស្ដក្បាលគ្រាប់មីស៊ីលលើកចុងក្រោយ ស្របពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងកើនឡើងកំដៅយ៉ាងខ្លាំង ដោយសារតែការបង្កជម្លោះ ពីរបបកម្មុយនិស្ដខាងលើ។ បណ្ដារដ្ឋជាសមាជិក របស់ក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការព្រួយបារម្ភបំផុតរបស់ពួកគេទៅលើឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ ជាក់ស្តែងលើការជំនះបង្កហេតុប្រឆាំងនឹងក្រុមប្រឹក្សាសន្ដិសុខ ដោយធ្វើការបាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងធ្វើឲ្យមានអស្ថិរភាពយ៉ាងខ្លាំង ដែលនៅក្នុងសេចក្តីថ្លែងការណ៍នោះសំដៅលើការធ្វើតេស្ដគ្រាប់មីសុីលផ្លោងកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ បើទោះជាការធ្វើតេស្ដនោះត្រូវបានបញ្ចប់ ដោយបរាជ័យក៏ដោយ។

កាលពីពេលថ្មីៗកន្លងទៅនេះអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (យូអិន) លោក Antonio Guterres បានចេញសេចក្ដីអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីល របស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង បន្ទាប់ពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែកើនកំដៅឡើងរវាងរបបកម្មុយនិស្ដមួយនេះ និងមហាអំណាចអាមេរិក។

អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា "យើងជឿជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវប្រាកដថា គ្រប់យ៉ាងនឹងត្រូវធ្វើឡើង ចំពោះការគំរាមកំហែង ដោយការអភិវឌ្ឍពាក់ព័ន្ធទៅនឹងសមត្ថភាពអាវុធមីសុីល និងនុយក្លេអ៊ែរមិនក្លាយជាការគំរាមកំហែងមួយ ចំពោះសហគមន៍អន្ដរជាតិ"៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top