Saturday, April 22, 2017

ស៊ីរី៖ ទីបំផុតលោក អាស្សាដ ចេញមុខបញ្ជាក់មូលហេតុ ដែលប្រព័ន្ធការពារមីស៊ីលស៊ីរី មិនបានបាញ់ទម្លាក់មីស៊ីល​អា​មេរិក ​​៥៩​​​គ្រាប់​!

Posted by Khmer Herald  |  at  11:48 AM
loading...

(ដាម៉ាស់)៖ ទីបំផុតប្រធានាធិបតី​ស៊ីរីលោក បាស្សា អាល់ អាស្សាដ បានសម្រេចចិត្ត​ធ្វើការពន្យល់បកស្រាយ​អំពីមូលហេតុ ដែល​មនុស្ស​​មួយចំនួន​ប្រហែល​ជាមានការងឿង​ឆ្ងល់ថា តើហេតុអ្វីបាន​ជាប្រព័ន្ធការពារដែនអាកាសរបស់​ប្រទេសលោក មិន​បានបាញ់​​ទម្លាក់​​មីស៊ីល​ដល់​ទៅជិត ៦០គ្រាប់របស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារ​យ៉ាង​ចាស់ដៃ មកលើមូលដ្ឋានទ័ព​អាកាសស៊ីរី កាល​ពី​អំឡុង​ដើម​ខែ​មេសាបែបនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។


ថ្លែងក្នុងកិច្ចសម្ភាសន៍​មួយជាមួយសារព័ត៌មាន​ខាងលើលោក អាល់ អាស្សាដ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់​រដ្ឋា​ភិ​បាល​ស៊ីរី​​ជាង៥០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញ​ខ្ទេចខ្ទីរគ្មានសល់​ដោយសារតែ​ក្រុមភេរវករ។ លោក​ប្រធានាធិបតីស៊ីរី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «យើងមិនចាំបាច់​ផ្តល់តួលេខឲ្យ​ប្រាកដជាក់លាក់ នៃប្រព័ន្ធការពារ​ដែនអាកាស​ដែលខូចខាតឡើយ ដូចដែលអ្នក​បានដឹង​ហើយ​ថា​វាគឺជាព័ត៌មាន​លាក់ការណ៍​របស់កម្លាំង​យោធា ក៏ប៉ុន្តែខ្ញុំអាច​ប្រាប់ទៅកាន់​អ្នកបានថា​ គឺមិនតិចជាង ៥០ភាគរយ​នោះទេ»។

មូលហេតុមួយ​ផ្សេងទៀតនោះ គឺដោយសារតែ​សមត្ថភាពរបស់​មីស៊ីល​ប្រភេទជា Cruise Missile របស់​សហរដ្ឋអាមេរិក និងសណ្ឋាន​ដី​​របស់​ប្រទេស​​ស៊ីរី​ផ្ទាល់​ ដោយលោក បាស្សា អាល់ អាស្សាដ បានបកស្រាយ​ថា «បើតាម​បច្ចេកទេស​វារៀងស្មុគស្មាញ​បន្តិច ពីព្រោះថា​​​ ដើម្បីបាញ់​ទម្លាក់​គ្រាប់មីស៊ីល ប្រព័ន្ធការពារ​ដែនអាកាស​ត្រូវតែមើល​ឃើញពួកវា​ជាមុនសិន ហើយដើម្បី​មើលឃើញ​យើងតម្រូវឲ្យមាន​រ៉ាដា ដែលអាច​ឃ្លាំមើលគ្រប់ជ្រុង​ជ្រោយនៃ​ប្រទេសទាំងមូល ដែលជារឿងមិនអាចទៅរួចឡើយ​ដោយសារតែ ចំនួនប្រព័ន្ធ​ការពារ​ដែន​​អា​កាស​​ក៏​នៅ​សល់តិចតួច។ ម៉្យាងវិញទៀត​ដោយសារស្ថានភាព​សណ្ឋានដី​នៅស៊ីរី ប្រភេទ Cruise Missile បានប្រើប្រាស់​កត្តាគុណ​វិបត្តិ​នេះ​ដើម្បីលាក់ខ្លួន​ពួកវាពីប្រព័ន្ធ​រ៉ាដា​»។

នាឱកាសនោះ​មេដឹកនាំស៊ីរី​រូបនេះ ក៏បានលើកឡើង​អំពីការជួយទំនុក​បម្រុងប្រព័ន្ធការពារ​ដែនអាកាស ពី​សំណាក់​​ប្រទេស​រុស្ស៊ី ជំនួស​ឲ្យការបាត់បង់​នៃប្រព័ន្ធរបស់​ខ្លួនផងដែរ ប៉ុន្តែអះអាងថា​ វាមិនគ្រប់គ្រាន់ឡើយ ដើម្បីមើលការពារ​ប្រទេសមួយ​ទាំងមូលនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា សហរដ្ឋអាមេរិក​បានបើកការវាយប្រហារ​ដោយមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូល​ដ្ឋាន​កងទ័ពជើងអាកាសរបស់រដ្ឋាភិបាល​ស៊ីរី ដែលស្ថិត​នៅក្នុងភូមិ Shayrat នៃខេត្ត Hama ដែលស្ថិត​នៅប្រមាណ ៤០គីឡូម៉ែត្រ​ពី​ទីក្រុង Homs ដោយ​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា គឺជាការឆ្លើយតប​ចំពោះ​ការ​​ប្រើ​ប្រាស់​អាវុធ​គីមី​​ប្រឆាំង​នឹងប្រជាជនខ្លួនឯង របស់កងយន្តហោះ​ចម្បាំងនៃរដ្ឋាភិបាល​លោក អាល់ អាស្សាដ ដែលបានឆក់​យក​អាយុ​ជីវិត​​មនុស្ស​យ៉ាង​​តិច​​៨០នាក់ និងរបួសជាង​២០០នាក់ នៅក្នុង​ខេត្ត Idlib ភាគពាយ័ព្យ​ប្រទេសស៊ីរី៕

ប្រភព៖ Freshnews

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top