Wednesday, April 26, 2017

ស្ងាត់ៗ...! ថៃចំណាយលុយជិត ៤០០លានដុល្លារ ទិញនាវាមុជទឹកពីចិន

Posted by Khmer Herald  |  at  1:04 PM
loading...

ដំណឹងអន្តរជាតិ៖ ជុំវិញការបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនក្នុងតំណាក់កាលទី១ ប្រភេទ Yuan Class S26T ដែលមានតម្លៃ ១៣.៥ពាន់លានបាត (ជាង ៣៩២លានដុល្លារ) នោះ​ គណរដ្ឋមន្ត្រីថៃគ្រប់គ្រងដោយយោធា ត្រូវបានគេបង្ហើបព័ត៌មានមកថា បានធ្វើការអនុម័តដោយ​សម្ងាត់​រួចរាល់ហើយ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការ​ពារជាតិ លោក Kongcheep Tantravanich នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ដោយសារតែមានការជីជីកសួរពីសមាជិកសភា និងពីសំណាក់សាធារណៈមតិជាច្រើនជុំវិញរឿងទិញនាវា​មុជទឹកដែលត្រូវចំណាយលុយជាតិច្រើន និងត្រូវបានគេអះអាងទៀតថា គ្មានភាពចាំបាច់អ្វីដែលត្រូវទិញនោះ​ ទើបយោធាថៃបាន​ធ្វើការបកស្រាយជា​ច្រើនដង អមដោយហេតុផលគ្រប់ជំពូកថា ប្រទេសថៃបាន និងកំពុងរងការគំរាមកំហែងទឹកដី ជាពិសេសដែនសមុទ្ររបស់ខ្លួន ដែលត្រូវឲ្យមាន​ការបង្កើនលទ្ធភាព​ ក្នុងការការពារដែនអធិបតេយ្យភាព​របស់ខ្លួនគ្រប់ទិសទី។

អ្នកនាំពាក្យក្រសួងខាងលើនេះបានបញ្ជាក់ថា សេចក្តីសម្រេចស្ងាត់ៗនោះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីមកម្ល៉េះ ដោយតបទៅតាមសំណើរបស់កងទ័ពជើងទឹកថៃ ប៉ុន្តែក្រោយពីកិច្ចប្រជុំអនុម័តនោះ គណរដ្ឋមន្ត្រីដឹកនាំដោយយោធា មិនបានបើកសន្និសីទ​សារព័ត៌មាន​នោះឡើយ។ ទោះបីជា​បែបនេះក្តី ក្រសួងការពារជាតិ​បានបញ្ជាក់ថា «ក្រសួងមិន​មានចេតនាចង់​លាក់បាំងព័ត៌មាន​​អ្វី​នោះទេ ប៉ុន្តែរឿងរ៉ាវ​ដែលគណរដ្ឋមន្ត្រីបាន​អនុម័តរួច ក៏មិនមែនប្រាកដថា​ ត្រូវជំរាបដល់​សារព័ត៌មាន​គ្រប់ៗរឿង​នោះដែរ»។

គួរបញ្ជាក់តាមសម្តី​មន្ត្រីយោធាជាន់ខ្ពស់​ថៃមួយរូបឲ្យដឹងថា ប្រទេសថៃធ្លាប់​មាននាវាមុជទឹកម្តងហើយ​កាលពី ៦០ឆ្នាំមុន ហើយវាគ្មានអ្វី​ដែលចម្លែក ឬក៏គួរឲ្យព្រួយបារម្ភនោះទេ​នៅក្នុងការទិញ​នាវាមុជទឹក​ម្តងទៀត​ពេលនេះ។ អគ្គមេបញ្ជាការកងទ័ពជើង​ទឹកថៃលោក Na Areenich នឹងធ្វើដំណើរទៅកាន់​ប្រទេសចិន​នៅ​ខែឧសភាខាងមុខនេះ ដើម្បីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងបញ្ជាទិញ​នាវាមុជទឹកពីចិន ដែលមានរយៈពេលកំណត់ ១១ឆ្នាំ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top