Thursday, April 20, 2017

បុរស​ខ្លាំង​រុស្ស៊ី​ មានទ្រព្យ​សម្បត្តិ​មហាសាល​ ច្រើនជាង​កំពូល​មហាសេដ្ឋី​លំដាប់​ពិភព លោក Bill Gates ទៅទៀត!

Posted by Khmer Herald  |  at  10:15 AM
loading...

ដំណឹងអន្តរជាតិ៖ មិនត្រឹមជាប់ឈ្មោះជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត (លំដាប់លេខ១) ប្រចាំឆ្នាំ២០១៤ និងឆ្នាំ២០១៥ជាប់ៗគ្នានៅលើទំព័រទស្សនាវដ្ដី Forbes ប៉ុណ្ណោះទេ គឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហៅបុរសខ្លាំងរបស់រុស្ស៊ី ត្រូវបានបណ្ដាញសារព័ត៌មានបរទេសជាច្រើនផ្សព្វផ្សាយឲ្យដឹងថា ជាមេដឹកនាំប្រទេសមួយរូបមានទ្រព្យសម្បត្តិមហាសាលច្រើនជាងទ្រព្យសម្បត្តិរបស់លោក Bill Gates កំពូលមហាសេដ្ឋីលេខ១លំដាប់ពិភពលោក រហូតដល់ទៅប្រមាណ២ដងថែមទៀត គ្រាន់តែទ្រព្យសម្បត្តិមហាសាលទាំងនោះឋិតនៅក្នុងរូបភាពអាថ៌កំបាំងមិនបញ្ចេញឲ្យដឹងជាចំហ ។

ទស្សនាវដ្ដី Forbes បានផ្សព្វផ្សាយឲ្យដឹងថា លោក Bill Gates អាយុ៦១ឆ្នាំ ជនជាតិអាមេរិក អគ្គនាយកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិចំនួន ៧៥ពាន់លានដុល្លារអាមេរិក ជាកំពូលមហាសេដ្ឋីជាប់លំដាប់ថ្នាក់លេខ១លើពិភពលោក ។

ទាំងការផ្សព្វផ្សាយរបស់គេហទំព័រ Business Insider ទាំងរបាយការណ៍របស់ Panama Papers បានឲ្យដឹងថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីមានទ្រព្យសម្បត្តិប្រមាណពី១៤៤ពាន់លានដុល្លារអាមេរិក ទៅ២០០ពាន់លានដុល្លារអាមេរិក ដែលទ្រព្យសម្បត្តិទាំងនោះមានជាប់ពាក់ព័ន្ធនឹងសេវាកម្មជំនួញជាច្រើន ជាអាទិ៍ ៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន អចលនវត្ថុ ធនាគារ សាលារៀន មន្ទីរពេទ្យ និងក្រុមហ៊ុនសំណង់ …។ល។

ទ្រព្យសម្បត្តិមហាសាលរបស់លោក Vladimir Putin បានធ្វើឲ្យលោកជាប់ឈ្មោះជាមេដឹកនាំប្រទេសមួយរូបមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកផង និងជាមហាសេដ្ឋីលំដាប់កំពូលផុតលេខលើពិភពលោកផង ។

លោក Vladimir Putin អាយុ៦៤ឆ្នាំ បានរៀបការជាមួយនាង Lyudmila Shkrebneva នាឆ្នាំ១៩៨៣ ទទួលបានចំណងដៃកូនស្រីចំនួន២នាក់ និងបានលែងលះគ្នាវិញក្លាយជាបុរសពោះម៉ាយនាឆ្នាំ២០១៤ ។

ដោយអតីតមកពីគណបក្សកុម្មុយនីស្ដសហភាពសូវៀត លោក Vladimir Putin ធ្លាប់បម្រើការងារជាភ្នាក់ងារ KGB អស់រយៈពេល១៦ឆ្នាំ គឺពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ ។ ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ លោក Vladimir Putin បានកាន់កាប់អំណាចពេញដៃនៅក្នុងរដ្ឋាភិបាលរុស្ស៊ីដោយកាន់មុខតំណែងដូចខាងក្រោម ៖
ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ជានាយករដ្ឋមន្ដ្រី
ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ជាប្រធានាធិបតី
ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ជានាយករដ្ឋមន្ដ្រីសាជាថ្មី និងក្លាយជាប្រធានគណបក្សសហព័ន្ធរុស្ស៊ី
ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ជាប្រធានាធិបតីសាជាថ្មី ទល់បច្ចុប្បន្ន ។

ជាមួយនឹងស្ថានភាពគ្រប់គ្រងប្រទេសរុស្ស៊ីទាំងមូល និងទ្រព្យសម្បត្តិមហាសាលរបស់លោក Vladimir Putin ធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិដាក់ការសង្ស័យយ៉ាងខ្លាំងថា ទ្រព្យសម្បត្តិមហាសាលរបស់លោកប្រធានាធិបតីពោះម៉ាយ ដែលជាបុរសខ្លាំងរុស្ស៊ីរូបនេះបានមកដោយសារការដឹកនាំប្រទេសច្រើនឆ្នាំបង្កប់នូវអំពើពុករលួយ និងបក្ខពួកនិយម ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top