Thursday, April 20, 2017

អាមេរិក​ តេស្ត​សាកល្បង​បានសម្រេច​ លើ​​គ្រាប់បែកនុយក្លេអ៊ែរ​ B61-12 បំពាក់លើ​យន្តហោះ​ចម្បាំង​ F-16

Posted by Khmer Herald  |  at  9:47 AM
loading...

ដំណឹងអន្តរជាតិ៖ ​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ពី​ការប្រកាស​របស់​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​ជាតិ​សហរដ្ឋអាមេរិក (NNSA) ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កងកម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក​បានធ្វើ​តេស្ត​សាកល្បង​បំពាក់ និង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី​ធុន B61-12 ចំនួន​១​គ្រាប់​ជាមួយនឹង​យន្តហោះ​ចម្បាំង​ធុន F-16 នៅ​ទីតាំង​ហ្វឹកហ្វឺន​យោធា​ក្នុង​រដ្ឋ Nevada ប្រកបដោយ​ជោគជ័យ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការបំពាក់ និង​ការធ្វើ​តេស្ត​សាកល្បង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី​ធុន B61-12 ដោយ​យន្តហោះ​ចម្បាំង​ធុន F-16 របស់​សហរដ្ឋអាមេរិក​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​នៃ​យន្តហោះ​ចម្បាំង​ធុន F-16 ក្នុងការ​ប្រើប្រាស់​អាវុធ ប្រព័ន្ធគ្រប់គ្រង​ការបាញ់​-​ទម្លាក់​គ្រាប់បែក ប្រសិទ្ធភាព​ប្រព័ន្ធ​រ៉ា​ដា និង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រួតពិនិត្យ​អាវុធ។​

​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 ត្រូវបានធ្វើ​ទំនើបកម្ម​ចេញពី​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ធុន B61 ដោយ​កម្មវិធី​ធ្វើ​ទំនើប​កម្មនេះ ត្រូវបាន​ឋិត​ក្នុង​គម្រោង​ចំណាយ​រហូតដល់​ទៅ​ជាង​៣០០​ពាន់​លាន​ដុល្លារ ហើយ​បានធ្វើ​តេស្ត​សាកល្បង​នូវ​ប្រសិទ្ធភាព​របស់​គ្រាប់បែក​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ។ ឥឡូវនេះ ក្រៅពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពិសេសៗ គឺ​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 របស់​សហរដ្ឋអាមេរិក​អាច​យកមក​បំពាក់ និង​វាយប្រហារ​បាន​ដោយ​យន្តហោះ​ចម្បាំង​ច្រើន​ប្រភេទ រួមមាន F-35, F-16 និង F-15 ។​ល​។

​យន្តហោះ​ចម្បាំង​ធុន F-16 របស់​សហរដ្ឋអាមេរិក ត្រូវបាន​ផលិត និង​ធ្វើ​ទំនើបកម្ម​ដោយ​ក្រុមហ៊ុន General Dynamics និង​ក្រុមហ៊ុន Lockheed Martin ដែល​អាច​បំពាក់​នូវ​អាវុធ​វាយលុក និង​ការទម្លាក់​គ្រាប់បែក​វ័យឆ្លាត​ជាមួយនឹង​ល្បឿន​ហោះហើរ​ប្រមាណ​ជាង​២​ពាន់​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ក្រៅពី​សហរដ្ឋអាមេរិក គឺ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្តា​ប្រទេស​ចំនួន​ជាង​២០​ប្រទេស​ផ្សេងទៀត៕​





loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top